កាលពីពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវបានរកឃើញថាជនអនាមិកបានប្រើភាពចន្លោះប្រហោងនៅក្នុង Google Drive ដើម្បីផ្ញើអ៊ីមែលលឬការជូនដំណឹង ទៅឱ្យអ្នកប្រើប្រាស់ដែលមានភ្ជាប់មកជាមួយនូវមេរោគ។ ការបោកបញ្ឆោតនេះគឺមិនមែនជារឿងថ្មីអីនោះទេ ហើយវាក៏ស្រដៀងទៅនឹងការបោកបញ្ឆោតតាមរយៈអ៊ីមែលធម្មតា (Phishing) ដែលអ្នកប្រើប្រាស់ភាគច្រើនបានដឹងយូរមកហើយដែរ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះអ្នកប្រើប្រាស់ជាច្រើនបានទទួលការជូនដំណឹងតាមរយៈ
Google Drive ដែលមានតំណភ្ជាប់ទៅគេហទំព័រដែលមានមេរោគ។
នៅពេលដែលពួកគេចុចនៅលើតំណភ្ជាប់នោះវានឹងទាមទារឱ្យចុចលើតំណភ្ជាប់ផ្សេងៗទៀត
ដើម្បីឈ្នះរង្វាន់ ចូលមើលគណនីធនាគារ ឬក៏ដើម្បីទទួលបានប្រាក់ជាដើម។
ទោះបីជាការបោកបញ្ឆោតនេះមិនមានអ្វីថ្មីក៏ដោយ
ប៉ុន្តែវាមានប្រសិទ្ធិភាពក្នុងការបោកបញ្ឆោតអ្នកប្រើប្រាស់ដោយសារតែអុីមែលឬការជូនដំណឹងទាំងនោះ
ត្រូវបានផ្ញើចេញពីកម្មវិធី Google Drive ដោយផ្ទាល់។
មូលហេតុដែលនាំឱ្យជនអនាមិកងាកមកប្រើ Google Drive ដើម្បីវាយប្រហារតាមរយៈ Phishing នោះគឺដោយសារតែកម្មវិធីអុីមែលភាគច្រើន
មានប្រព័ន្ធការពារក្នុងការស្វែងរកមេរោគមុននឹងអុីមែលនោះត្រូវបានផ្ញើទៅឱ្យអ្នកប្រើប្រាស់។
ដើម្បីការពារសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា
នាយកដ្ឋានសូមឱ្យលោកអ្នកមានការប្រុងប្រយ័ត្នក្នុងការចុចលើតំណភ្ជាប់ណាមួយនោះ។
សូមកុំចុចលើតំណភ្ជាប់ដែលលោកអ្នកពុំបានស្នើសុំ ឬមកពីប្រភពមិនដែលបានស្គាល់ ជាពិសេសសូមមានការប្រុងប្រយ័ត្ននៅពេលដែលទទួលបានអុីមែលជាភាសាដែលមិនស្គាល់៕
ប្រភពទាំងស្រុង៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department
0 Comments